សកម្មភាពស្រាវជ្រាវ
ការអភិវឌ្ឍពូជកៅស៊ូការងារដែលបានអនុវត្តនៅក្នុងផ្នែកបង្កាត់ពូជសំដៅធ្វើសុវុឌ្ឍិកម្មក្លូនកៅស៊ូ តាមរយៈការនាំចូល ការប្តូរក្លូនជាមួយនឹងបណ្តាប្រទេសជាសមាជិក IRRDB ការបង្កាត់និងធ្វើជម្រើសពូជ ការពង្រឺងគុណភាពរុក្ខសម្ភារជាពិសេសការគ្រប់គ្រងច្បារពូជ ការអភិវឌ្ឍក្លូនកៅស៊ូកម្ពុជា និងការផ្តល់ជាអនុសាសន៍ក្លូនកៅស៊ូសម្រាប់ការដាំដុះតាមដំណាក់កាល ឆ្លើយតបទៅនឹងលក្ខខណ្ខក្សេត្របរិស្ថានតាមតំបន់ ក្នុងគោលបំណងបង្កើននូវផលិតភាព បង្កើននូវចំណូលដល់អ្នកដាំដុះកៅស៊ូ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ច្បារពូជកៅស៊ូចំនួន០៩នៅតាមបណ្តាតំបន់មួយចំនួន ដែលឆ្លើយ តបទៅនឹងលក្ខខណ្ឌបច្ចេកទេសកំណត់ ត្រូវបានពិនិត្យ វាយតម្លៃ និងផ្តល់វិញ្ញាបនប័ត្រ។ ស្រាវជ្រាវការអភិវឌ្ឍធនធានក្លូនកៅស៊ូកម្ពុជា ធនធានសេនេទិចកៅស៊ូលេចធ្លោចំនួន២០ ត្រូវបានជ្រើសរើសសម្រាប់ការបង្កើតចម្ការពិសោធន៍ទ្រង់ទ្រាយតូចដើម្បីវាយតម្លៃបន្ត។ ប្រព័ន្ឋចម្ការពិសោធន៍ទ្រង់ទ្រាយធំត្រូវបានដាំដុះ ដោយធ្វើការដាំដុះរាយប៉ាយទៅតាមទីតាំង និងតំបន់ផ្សេងៗដូចជា
(១) ស្ថានីយ៍អនុវត្តនៃ វសកក
(២) ក្រុមហ៊ុនសុភ័ក្ដនិកា
(៣) ក្រុមហ៊ុនក្រែក ខេមបូឌា (ខេត្តត្បូងឃ្មុំ)
(៤) ក្រុមហ៊ុនក្រែក ខេមបូឌា (ខេត្តសៀមរាប)
(៥) ក្រុមហ៊ុនទ្រីភាព ទន្លេម្រេច (ខេត្ត ព្រះវិហារ)
(៦) ក្រុមហ៊ុន SOCFIN-KCD (ខេត្តមណ្ឌលគីរី)។
ការដាក់ពង្រាយចម្ការពិសោធន៍បែបនេះ គឺដើម្បីពិនិត្យវាយតម្លៃអំពីសក្តានុពលនៃក្លូននៅតាមបណ្តាតំបន់ ដែលមានលក្ខណ: បរិស្ថានផ្សេងៗគ្នាដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការរៀបចំអនុសាសន៍ក្លូនកៅស៊ូសម្រាប់ការដាំដុះតាមបណ្តាដំបន់ទាំងនោះ។