ប្រវត្តិដំណាំកៅស៊ូ
ដំណាំកៅស៊ូត្រូវបានដាំជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជានាឆ្នាំ១៩១០ ដោយលោក ប៊ូ យ៉ា(Boulliard) ជនជាតិបារាំងនៅក្នុងស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ) លើផ្ទៃដីជាង ១៥០ហិកតា។ បន្ទាប់មកស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចម្ការកៅស៊ូមួយទៀតបានធ្វើការដាំដុះលើផ្ទៃដី១២០ហិកតានិងបានធ្វើអាជីវកម្មលើផ្ទៃដីចំនួន៨០ហិកតា។ មកដល់ឆ្នាំ១៩២១ទើបចម្ការកៅស៊ូមានលក្ខណៈឧស្សាហ កម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥នៅលើដីក្រហមបាសាល់ នៅខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី លើផ្ទៃដីទំហំជាង ៥០ ០០០ហិកតា
១.ក្រុមហ៊ុនចម្ការកៅស៊ូកម្ពុជានៅឆ្នាំ១៩២១
២.ក្រុមហ៊ុនចម្ការកៅស៊ូមេមត់នៅឆ្នាំ១៩២៦
៣.ក្រុមហ៊ុនចម្ការកៅស៊ូមេគង្គនៅឆ្នាំ១៩២៦
៤.ក្រុមហ៊ុនចម្ការកៅស៊ូកំពង់ធំនៅឆ្នាំ១៩២៦
៥.ក្រុមហ៊ុនចម្ការកៅស៊ូក្រចេះ នៅឆ្នាំ១៩២៧ ។
រហូតមកដល់ឆ្នាំ១៩៦៩ ដំណាំកៅស៊ូនៅកម្ពុជាបានពង្រីកផ្ទៃដីបានជាង ៦៤០០០ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៣៩០០០ ហិកតា ដោយទទួលបានផលិតផលកៅស៊ូជាង ៥០ ០០០តោន សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកនិងការនាំចេញ។ នៅជំនាននោះកៅស៊ូកម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថាជាប្រទេសដែលមានចម្ការកៅស៊ូល្អមានទិន្នផលខ្ពស់និងផលិតផលកៅស៊ូប្រកបដោយគុណភាពល្អនៅក្នុង តំបន់អាស៊ី។ ចាប់តាំងពីឆ្នាំ១៩៧០មក ដោយសារសង្គ្រាមស៊ីវិលក្នុងស្រុក ជាពិសេសដំណាក់កាលចុងក្រោយស្ថិតក្រោមរបបគ្រប់គ្រងរបស់ពួកខ្មែរក្រហម រាល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យត្រូវបានបំផ្លាញស្ទើរដល់ឫសគល់ រួមទាំងអាយុជីវិតប្រជាជនរាប់លាននាក់ត្រូវបានទទួលរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដែលស្ថានភាពចម្ការកៅស៊ូត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរហើយជីវិតកម្មករនិងប្រជាជនរាប់លាននាក់ត្រូវបានសម្លាប់។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ នៅឆ្នាំ១៩៨០ រដ្ឋាភិបាលបានរៀបចំដាក់ឱ្យដំណើរការស្តារនិងធ្វើអាជីវកម្មចម្ការកៅស៊ូចាស់ៗដែលនៅសេសសល់ឡើងវិញរហូតមកដល់បច្ចុប្បន្ន។ ក្នុងគោលបំណងប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិតករកៅស៊ូដ៏មានសក្តានុពលនៅក្នុងតំបន់ និងជាប្រទេសផ្គត់ផ្គង់ផលិតផលកៅស៊ូមួយចំណែក ចូលទៅក្នុងទីផ្សារពិភពលោក រាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្ដីប្រកាសស្ដីពីការអភិវឌ្ឍដំណាំកៅស៊ូគ្រួសារនៅកម្ពុជាព្រមទាំងបានផ្តល់សម្បទានដីសេដ្ឋកិច្ចសម្រាប់ដំណាំកៅស៊ូដល់វិនិយោគិនក្នុងស្រុកនិងបរទេស។ តាំងពីដើមរៀង មករហូតមកដល់បច្ចុប្បន្ននេះដំណាំកៅស៊ូនៅ តែត្រូវបានគេប្រសិទ្ធនាមថាជា “មាសស” និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់បន្ទាប់ពីផលិតកម្មស្រូវ។ ចាប់តាំងពីឆ្នាំ១៩៩៣ មករាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់អតីតចម្ការកៅស៊ូរដ្ឋទាំង៧ជាបន្តបន្ទាប់ពីស័្វយាភិបាលសេដ្ឋ-កិច្ចមកជាសហគ្រាសសាធារណ:មានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ១៩៩៩ និង ចុងក្រោយបានធ្វើអវិនិយោគឱ្យទៅផ្នែកឯកជនគ្រប់គ្រងទាំង ស្រុងនៅចុងឆ្នាំ២០០៧-២០០៩។ ទន្ទឹមនឹងការធ្វើឯកជនភាវូបនីយកម្មអតីត ចម្ការកៅស៊ូរដ្ឋ តម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិបានកើនឡើងខ្ពស់ជាបន្តបន្ទាប់និងស្របពេលដែលរាជរដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចដល់វិនិយោគិនក្នុងស្រុក និងបរទេសបានជំរុញឱ្យឧស្សាហកម្ម កៅស៊ូធម្មជាតិនៅកម្ពុជាទាំងចម្ការកសិឧស្សាហកម្ម និងចម្ការកៅស៊ូគ្រួសារបានចាប់ផ្តើមមានសន្ទុះកើនឡើងនិងមានការវិវឌ្ឍមួយប្រកបដោយថាមភាព ទាំងនៅក្នុងផ្នែកដាំដុះ ការយកផល និងការនាំចេញផលិតផលកៅស៊ូផងដែរ។