មន្ទីរពិសោធន៍ជាតិយថាប្រភេទនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017
មន្ទីរពិសោធន៍ជាតិយថាប្រភេទនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI) ស្ថិតនៅខេត្តត្បូងឃ្មុំ បានទទួលការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 ពីអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ វិញ្ញាបនបត្រលេខ GDAC-TLa:0007 ចេញនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មានសុពលភាពរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៧ ហើយគ្របដណ្តប់លើការតេស្តកៅស៊ូប្រភេទ CSR (CV, 3L, L, 5, 10 និង 20)
មន្ទីរពិសោធន៍ជាតិយថាប្រភេទនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានទទួលការទទួលស្គាល់តាមស្តង់ដារអន្តរជាតិ ISO/IEC 17025:2017 ដែលជាស្តង់ដារយោងសម្រាប់សមត្ថភាពរបស់មន្ទីរពិសោធន៍តេស្ត និងការក្រិតតាមខ្នាត។
វិញ្ញាបនបត្រទទួលស្គាល់នេះ ត្រូវបានចេញដោយអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រោមក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា (CANC)។ វិញ្ញាបនបត្របញ្ជាក់ថា មន្ទីរពិសោធន៍បានឆ្លងកាត់ការវាយតម្លៃដោយជោគជ័យ ដោយបំពេញតាមតម្រូវការ បទប្បញ្ញត្តិ និងលក្ខណវិនិច្ឆ័យសមត្ថភាពរបស់មន្ទីរពិសោធន៍តេស្ត អនុលោមតាមស្តង់ដារអន្តរជាតិ ព្រមទាំងគោលការណ៍ និងគោលនយោបាយដែលកំណត់ក្នុងអនុក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
វិញ្ញាបនបត្រនេះ ចុះបញ្ជីក្រោមលេខទទួលស្គាល់ GDAC-TLa:0007 ចេញនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ និងមានសុពលភាពរហូតដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៧។ វិញ្ញាបនបត្រត្រូវបានចុះហត្ថលេខាដោយលោក ជៀន សេងកង់ អគ្គនាយកនៃ GDAC ហើយមានសញ្ញា ILAC-MRA។
មន្ទីរពិសោធន៍នេះជាមន្ទីរពិសោធន៍អចិន្ត្រៃយ៍ ស្ថិតនៅឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានទទួលស្គាល់ឱ្យតេស្តកៅស៊ូកំណត់ស្តង់ដារកម្ពុជា (CSR) ប្រភេទ CSR CV, CSR 3L, CSR L, CSR 5, CSR 10 និង CSR 20។ វិសាលភាពដែលបានទទួលស្គាល់ រួមមានប៉ារ៉ាម៉ែត្រគុណភាពខាងក្រោម ដែលអនុវត្តតាមវិធីសាស្ត្រ ISO៖
- ម៉ាតិយែរកខ្វក់ (Dirt content) តាម ISO 249:2016
- ប្លាស្ទីស៊ីតេដំបូង (Po) តាម ISO 2007:2018
- សន្ទស្សន៍រក្សាប្លាស្ទីស៊ីតេ (PRI) តាម ISO 2930:2017
- ចំណុះអាសូត (Nitrogen content) តាម ISO 1656:2019
- ចំណុះសារធាតុងាយហួត (Volatile matter) តាម ISO 248-1:2021
- ចំណុះផេះ (Ash content) តាម ISO 247-1:2018 (វិធី A)
- សន្ទស្សន៍ពណ៌ (Colour index) តាម ISO 4660:2020
- ការថែទាំ និងការក្រិតតាមខ្នាតម៉ាស៊ីនវាស់ Mooney Viscometer តាម ISO 289-1:2015
ការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 ផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់ផលិតករ អ្នកនាំចេញ អ្នកទិញ និងអាជ្ញាធរពាក់ព័ន្ធ ថាលទ្ធផលតេស្តដែលចេញដោយមន្ទីរពិសោធន៍ មានភាពត្រឹមត្រូវ និងអាចទុកចិត្តបានផ្នែកបច្ចេកទេស។ សម្រាប់វិស័យកៅស៊ូកម្ពុជា នេះជួយពង្រឹងការធានាគុណភាព ការចូលទីផ្សារ និងទំនុកចិត្តលើការនាំចេញកៅស៊ូធម្មជាតិរបស់ប្រទេស។


